សេវាប្រឹព

តើអ្វីទៅជា ប្រឹព?

PrEP (ពាក្យពេញគឺ Pre Exposure Prophylaxis) ជាការប្រើឱសថក្នុងការបង្ការកុំឲ្យឆ្លងមេរោគអេដស៍ ដោយលេបឱសថនោះ (ជាប្រភេទឱសថប្រឆាំងមេរោគអេដស៍រួមបញ្ចូលគ្នា) ជារៀងរាល់ថ្ងៃ។ ប្រឹព ជាការបង្ការដល់អ្នកដែលមិនមានផ្ទុកមេរោគអេដស៍ ប៉ុន្តែមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍។ ភស្តុតាងនានាបានបង្ហាញថា នៅពេលអ្នកលេបឱសថនេះទៀងទាត់ និងត្រឹមត្រូវ ប្រឹព ជួយកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ស្ទើរដល់កម្រិតសូន្យ។ គួរកត់សម្គាល់ថា ប្រឹព មិនបង្ការការមានផ្ទៃពោះ ឬជំងឺកាមរោគផ្សេងៗឡើយ។


តើ ប្រឹព សក្តិសមជាមួយអ្នកឬទេ ?

គ្រូពេទ្យនឹងធ្វើការវាយតម្លៃសុខភាពរបស់អ្នកមុននឹងចេញវេជ្ជបញ្ជាឲ្យអ្នកប្រើប្រឹព។ ប្រឹពអាចមានផលប៉ះពាល់ខ្លះៗដល់អ្នកដែលមានបញ្ហាវេជ្ជសាស្រ្ត ហើយអាចមិនសក្តិសមចំពោះគ្រប់គ្នានោះទេ។ ប្រឹព ទាមទារឲ្យមានការប្រើប្រាស់ជារៀងរាល់ថ្ងៃ និង មកពិនិត្យសុខភាពជាទៀងទាត់ជាមួយអ្នកផ្តល់សេវាសុខាភិបាល។


តើនរណាខ្លះដែលត្រូវប្រើប្រាស់ប្រឹព?

ប្រឹព គឺសម្រាប់អ្នកដែលមិនមានផ្ទុកមេរោគអេដស៍ ដែលមានការប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ឬការប្រើប្រាស់គ្រឿងញៀន។ ប្រឹពត្រូវបានណែនាំសម្រាប់អ្នកដែលមិនមានដៃគូស្មោះស្មគ្រ័មួយទល់នឹងមួយ បុរសស្រឡាញ់បុរសដូចគ្នា (gay) បុរសស្រឡាញ់បុរសក៏បានស្រ្តីក៏បាន (bisexual men) ដែលរួមភេទដោយមិនប្រើស្រោមអនាម័យ។


តើ ប្រឹព អាចបង្ការបានយ៉ាងដូចមេ្តច?

ប្រឹព មិនផ្តល់ការបង្ការបាន ១០០% នោះទេ ប៉ុន្តែផ្តល់ប្រសិទ្ធិភាពខ្ពស់ក្នុងការប្រឆាំងនឹងការឆ្លងមេរោគអេដស៍។ នៅក្នុងការសិក្សាថ្មីៗ ប្រឹព បានបង្ហាញពីការកាត់បន្ថយការប្រឈមនឹងការឆ្លងមេរោគអេដស៍តាមការរួមភេទ រហូតដល់ ៩៦% នៅពេលដែលប្រើប្រាស់បានត្រឹមត្រូវតាមការណែនាំ។ ដើម្បីជៀសវាងការឆ្លងមេរោគអេដស៍ និងមេរោគបង្កជំងឺកាមរោគផ្សេងៗ អ្នកគួរប្រើទាំង ប្រឹព និងស្រោមអនាម័យ។


តើ អ្នកណាខ្លះដែលមិនអាចប្រើ ប្រឹព ?

អ្នកដែលមានបញ្ហាតម្រងនោម និង អ្នកដែលមានផ្ទុកមេរោគអេដស៏មិនអាចប្រើ ប្រឹពបានទេ ។ តែពួកគេអាចទទួលបានការព្យាបាលដោយប្រើឧិសថប្រឆាំងមេរោគអេដស៏។


តើ មានផលប៉ះពាល់អ្វីខ្លះ?

ផលប៉ះពាល់ពីការប្រើ ប្រឹព មានដូចជា បញ្ហាពោះវៀន ចង្អោរ ឬ កន្ទួលរម៉ាស់ ។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលមានអាការៈទាំងនេះ។ ជាធម្មតាការៈទាំងនេះនឹងបាត់បង់ទៅវិញក្នុងអំឡុងពេលពីរបីអាទិត្យដំបូង។


តើ ពេលណា ខ្ញុំអាចឈប់ប្រើប្រាស់ ប្រឹព ហើយត្រូវធ្វើដូចម្តេច?

ចាប់ផ្តើមប្រើប្រាស់ ប្រឹព មិនមែនមានន័យថា អ្នកនឹងត្រូវតែប្រើប្រាស់វាមួយជិវិតនោះទេ។ អ្នកអាចឈប់បាន ប្រសិនបើអ្នកលែងមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៏។





ទទួលយកពត័មានបន្ថែមអំពី ប្រឹព

ទាញយក៖
ពត៏មានពិតអំពី ប្រឹព
ខិតបណ្ណ័អំពី ប្រឹព
វីដេអូអំពី ប្រឹព