សេវាព្យាបាល ដោយអរមូន សម្រាប់អ្នកប្លែងភេទ

តើអ្នកណាខ្លះដែលមានលក្ខណៈវិនិច្ឆ័យសមស្របសម្រាប់ការព្យាបាលដោយអរម៉ូន?

អតិថិជនដែលមានអាយុ ១៨ឆ្នាំ ឫ ១៦ឆ្នាំតែមានឪពុកម្តាយ ឫអាណាព្យាបាលមកជាមួយ មាន លក្ខណៈសមស្របនឹងការព្យាបាលនេះ។ បន្ថែមពីនេះទៀត អ្នកគួរមានប្រវត្តិ ដូចជាការមានអារម្មណ៍ខុសពីភេទរបស់ខ្លួន អត្តចរិក និង ការសម្តែងចេញ។ អ្នកគួរយល់អំពីហនិភ័យ និង ផលប្រយោជន៍ ផលប៉ះពាល់រយៈពេលខ្លី និងវែង និងផលប៉ះពាល់ដែលអាច នឹងមិនត្រឡប់មកវិញក្រោយពេលទទួលការព្យាបាលហើយ។ បន្ថែមលើនេះទៀត អ្នកគួរមានបណ្តាញគាំទ្រផ្នែកសង្គម និង អាចទទួលបាននូវឧិសថព្យាបាលដូចដែលបានណែនាំ។ ជាចុងក្រោយ អ្នកគួរមានសុខភាពល្អទាំងផ្លូវកាយ និងចិត្ត និងមិនមានសូចនាករនានាដែលផ្ទុយគ្នា ឫមិនសមស្រប( contra-indications)។
សូមប្រឹក្សាបន្ថែមជាមួយអ្នកជំនាញរបស់យើងខ្ញុំ អំពីលក្ខណៈវិនិច្ឆ័យសមស្រប និង ស្ថានភាពរបស់អ្នក។


តើមានហនិភ័យ និង គុណប្រយោជន៍ អ្វីខ្លះពីការព្យាបាលដោយអរម៉ូន?

ប្រសិនបើអ្នកមានសុខភាពល្អ ការប្រើប្រាស់សេវាព្យាបាលដោយអរម៉ូននេះអាចមានហនិភ័យតិចតួចដល់សុខភាព។ ហនិភ័យក្នុងរយៈពេលវែង មិនទាន់ត្រូវបានដឹងនៅឡើយទេ ដោយការព្យាបាលប្រភេទនេះទើបតែមានថ្មីៗ។ ហនិភ័យសុខភាព ជាធម្មតាកើតមានលើរបៀបរស់នៅ បញ្ហាសុខភាពសង្គម និងផ្លូវចិត្ត មិនមែនមកពីអរម៉ូននោះទេ។ ប៉ុន្តែ ហនិភ័យធ្ងន់ធ្ងរខ្លះ អាចកើតមានឡើងពីការប្រើប្រាស់អរម៉ូនច្រើនលើសពីការណែនាំ ឫការប្រើប្រាស់សម្ភារៈរួមគ្នាក្នុងការចាក់អរម៉ូនចូល។


តើការព្យាបាលនេះនឹងត្រូវចំណាយអស់ប៉ុន្មាន?

អ្នកនឹងត្រូវចំណាយលើការធ្វើតេស្ត និង ចំណាយផ្សេងៗពីការព្យាបាលនេះ។ ការធ្វើតេស្តនឹងធ្វើឡើងអាស្រ័យលើតម្រូវការរបស់អ្នក ហើយថវិកានឹងធ្វើការពិភាក្សា។ តំលៃនៃការព្យាបាលនេះដូចនឹងតំលៃដែលអ្នកត្រូវបង់នៅពេលអ្នកទិញថ្នាំក្នុងចំនួនច្រើន។ វាអាចមានតំលៃថោកជាងដែលអ្នកទៅទិញនៅឧិសថស្ថាន ឫ មន្ទីរពេទ្យឯកជននានា។ អ្នកនឹងមិនត្រូវបង់ថ្លៃសេវាឡើយ។ ប្រសិនបើអ្នកសំរេចប្រើសេវាផ្សេងៗទៀត នោះអ្នកនឹងត្រូវបង់ថ្លៃសេវាទាំងនោះ។


តើត្រូវទៅគ្លីនិកញឹកញាប់ប៉ុណ្ណា ដើម្បីពិនិត្យតាមដាន?

យើងនឹងសុំឲ្យអ្នកត្រឡប់មកវិញនៅរៀងរាល់ ៣ខែម្តង កំឡុងពេលព្យាបាលឆ្នាំទី១ និង ៦ខែម្តងក្នុងឆ្នាំទី២ និងឆ្នាំបន្ទាប់។ យើងនឹងមើលប្រសិទ្ធភាពនៃការព្យាបាល និង ផលប៉ះពាល់អវិជ្ជមានលើខ្លួនរបស់ អ្នក និងកែតម្រូវប្រសិនបើចាំបាច់។ ក្រោយរយៈពេល ២ឆ្នាំ ឫក្រោយពេលវះកាត់ប្តូរភេទហើយ (sex reassignment surgery) ការព្យាបាល ដោយប្រើអរម៉ូនក្នុងការប្លែងភេទពីប្រុស ទៅ ស្រី (MTF TG )នឹងត្រូវប្តូរទៅជាការថែទាំវិញ ប្រសិនបើលទ្ធផលទទួលបានជាទីគាប់ចិត្ត។


តើខ្ញុំគួរសួរ អ្នកណាអំពីការព្យាបាលនេះ?

ជាដំបូង អ្នកគួរជួបជាមួយបុគ្គលិករបស់យើងខ្ញុំនៅគ្លីនិក ដែលនឹងនាំអ្នកទៅជួបជាមួយវេជ្ជបណ្ឌិត ឫអ្នកជំនាញ។ អ្នកអាចទូរសព្ទ័ដើម្បីធ្វើការណាត់ជួប មុននឹងមកដល់គ្លីនិក។